Propellerads

នំថ្លើមក្របី Num Thlerm Kro Bey



រឿងនិទានខ្មែរបុរាណ៖
*******************************************************************************
មានសេចក្តីដំណាលថា កាលពីព្រេងនាយ នៅភូមិជនបទដាច់ស្រយាលមួយ មានដូនចាស់ម្នាក់ឈ្មោះដូនសំ ចិញ្ចឹមចៅប្រុសម្នាក់ ឈ្មៅចៅសុខ។ ថ្ងៃមួយ ដូនសំ បានពូតត្នោតទុំ យកមក ច្រោះលាយនឹងទឹកភ្លៀង ត្រាំខ្មុកបុកស្រកីដូងដុត យកមកធ្វើជាចាហួយ ហើយចាហួយនោះ ក៏បានក្លាយជាមានសំបុរខ្មៅ រួចហើយដូនក៏ ច្រូចទឹកស្ករត្នោត ធ្វើជាបង្អែមលៀងមាត់ ក្រោយពេលបាយ។ បន្ទាប់មក ដូនសំក៏បានដួសបាយនិងអាហារ មួយស្រាក់ ថែមចាហួយខ្មៅមួយមុខ អោយចៅសំ យកទៅប្រគេន លោកតាអាចារ្យ សៅ និង លោកគ្រូសង្ឃរាជ មួយអង្គ ដែលទើបមករស់នៅថ្មី នៅវត្តក្នុងភូមិនោះ។ ចៅសុខ បានយកទៅប្រគេនព្រះសង្ឃ និង ជូនលោកតា ដូចដែលដូនបានផ្តាំ។
យូរថ្ងៃក្រោយមក លោកតាសៅ នឹកភ្នកចង់បរិភោគ ចាហួយខ្មៅដ៏ឈ្ងុយឆ្ងាញ់នោះទៀត ក៏លួចសួរ ចៅសុខថា៖
- ចៅសុខ! តើនំខ្មៅៗថ្ងៃមុននោះ ឈ្មោះនំអីដែរ?
- ខ្ញុំអត់ដឹងទេ លោកតា។ ចាំខ្ញុំសួរយាយខ្ញុំសិន។
តែចៅសុខអាល័យតែរត់លេង ភ្លេចខ្លួន មិនបានទៅសួរដូនសំវិញឡើយ។ ក្រោយមក លោកតាសៅ សាកសួរទៀត៖
- អាចៅអើយ! យាយឯងមានប្រាប់ទេ ថា នំខ្មៅៗថ្ងៃមុននោះ មានឈ្មោះអីដែរ?
ឃើញលោកតាសួរច្រើនដងពេក ចៅសុខក៏កើតចិត្តធុញ ព្រោះអាល័យចង់រត់លេង ក៏ភូតលោកតាថា ៖
- គឺ ឈ្មោះនំថ្លើមក្របី លោកតា!
- ហើយចុះធ្វើម៉េចទៅ នឹងបាននំនេះ ទទួលទានម្តងទៀត?
ចៅសុខអេះក្បាល ហើយក៏ឆ្លើយថា ៖
- ទាល់តែលោកតា លូកគូថក្របី ខ្វេះយកថ្លើមវាហើយ។
- មែនឬអី អាចៅ? ស្តាប់ទៅដូចជាភូត។
- ទាល់តែសាកមើលបានដឹង លោកតា។
លោកតាសៅ ចង់ដឹង ក៏ដើរទៅវាលស្រែក្រោយវត្ត ប្រទះក្របី កំពុងស៊ីស្មៅ។ លោកតា ក៏ដើរទៅពីក្រោយក្របី យកដៃលូកគូថក្របី ស្រាប់តែក្របីផ្អើលវឹង ខ្ជិបគូថ ជាប់ដៃលោកតា នៅក្នុងនោះ រួចហើយក៏បោលភីង កាត់វាលស្រែ អូសលោកតា ទៅជាមួយផង។ ចៅសុខ និងក្មេងភូមិ ឃើញហើយ ភិតភ័យណាស់ ក៏នាំគ្នាកូកស្រែកព្រមៗគ្នា ឡើងថា ៖
- លោកតា ធាក់ភ្លឺស្រែ អោយឆាប់របូតដៃ ចេញមក។ លោកតា ធាក់ភ្លឺស្រែ!ៗៗៗ!!!
ដោយសារ ការភិតភ័យខ្លាំង ក្មេងៗទាំងនោះ ស្រែកញាប់ពេក ក៏ក្លាយជាប្រកូកថា៖
- លោកតា តាក់ទឺតែ! លោកតា តាក់ទឺតែ! លោកតា តាក់ទឺតែ!!
លោកតាបានឮហើយ ក៏យកជើងធាក់ភ្លឺស្រែ របូតដៃចេញមកវិញ រួចខ្លួនសុខសប្បាយ។ ចាប់តាំងពីថ្ងៃនោះមក អ្នកភូមិអ្នកស្រុក ក៏នាំគ្នាហៅ លោកតាសៅថា លោកតាតាក់ទឺតែ។ ចំណែកឯ ចាហួយខ្មៅវិញ ពួកគេក៏នាំគ្នាហៅថា នំថ្លើមក្របី រហូតតរៀងមក ដល់សព្វថ្ងៃនេះ។
*********************************************************************************************************************************
នេះជារឿងនិទាន ដោយលោកគ្រូសង្គ្រាជ ធម្មវរោ វង្សសំបូរ វត្តត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខែត្របាត់ដំបង ឆ្នាំ១៩៥៨

Share on Google Plus